ខេត្តស្វាយរៀង ៖ ច្បាប់បានចែងថាអ្នកទទួលសំណូកនិងអ្នកយកលុយទៅសូកប៉ាន់ឲ្យគេត្រូវមានទោសដូចគ្នានិយាយតាមបែបសាមញ្ញគឺអ្នកស៊ីនិងអ្នកសូកមិនអាចរួចខ្លួនផុតពីសំណាញ់ច្បាប់បានទេនៅក្នុងមាត្រាច្បាប់មានស្ថានទម្ងន់ទោសដូចគ្នាដែលទាក់ទិននឹងករណីប្រព្រឹត្តអំពើពុករលួយនេះលោក នង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ត្រូវបានគេទម្លាយឲ្យដឹងថាបានប្រព្រឹត្តអំពើពុករលួយ យកលុយដាក់ខែពីរថយន្តកុងតឺន័រដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ដែលហូរចេញចូលពីវៀតណាមមកកម្ពុជានិងពីកម្ពុជាទៅវៀតណាម តាមច្រកបាវិតនេះ ដោយតម្រូវឲ្យឈ្មួញនិងម្ចាស់រថយន្តដឹកទំនិញទាំងនោះបង់លុយក្នុងមួយខែៗចាប់ពី៣០០០ដុល្លារសម្រាប់រថយន្តកុងតឺន័រ១គ្រឿងជាថ្នូរក្នុងការបើកភ្លើងខៀវឲ្យទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បានចេញចូលដោយស្រួលបំផុត ដែលការប្រព្រឹត្តអំពើពុករលួយនេះមានលក្ខណៈជាប្រព័ន្ធព្រោះបើមិនមានការឃុបឃឹតគ្នាពីមេសាខាគយខេត្តស្វាយរៀងនោះទេក៏មិនអាចហ៊ានលោតឆ័ត្រល្មើសច្បាប់បែបនេះឡើយ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាលោក នង សុខុម មេគយច្រកបាវិតនេះមិនត្រឹមតែបានយកលុយពីរថយន្តកុងតឺន័រនោះទេ ដែលបង់លុយដាក់ខែឲ្យគយច្រកបាវិត សូម្បីតែរថយន្តក្រុងដែលលួចដឹកទំនិញបង្កប់ពីក្រោម ឬតាមដំបូល គឺសុទ្ធតែជាទំនិញគេចពន្ធចូលតាមច្រកនេះ ក៏ត្រូវបង់លុយប្រចាំខែឲ្យលោក នង សុខុម ប្រធានគយច្រកទ្វារអន្តរជាតិបាវិត ដូចគ្នាក្នុងមួយខែៗ ចាប់ពី១៥០០ដុល្លារទៅ២០០០ដុល្លារសម្រាប់រថយន្តក្រុង១គ្រឿង ដែលគេសង្ស័យថាអាចមានចំណែកជាមួយលោកខៀវ សារឿន មេគយខេត្តស្វាយរៀងដោយត្រូវតែបង់ឲ្យជារៀងរាល់ខែ ទើបអាចដំណើរការដឹកជញ្ជូនបានយ៉ាងរលូន ហើយបើហ៊ានយឺតយ៉ាវដល់ថ្ងៃបង់លុយមន្ត្រីគយទាំងនោះស្ទាក់ឃាត់ឲ្យអែបខាងដើម្បីសួរនាំរឿងលុយគឺត្រូូវតែយកមកបង់ឲ្យភ្លាមៗ រួចបានអនុញាតឲ្យបន្តដំណើរទៅមុខបាន ព្រោះគយនៅចណុចនេះហាក់ដូចជាមានភាគហ៊ុនជាមួយឈ្មួញរកស៊ីដឹកទំនិញចេញចូលដោយសារពេលខ្លះហួសថ្ងៃបង់បន្តិចបន្ទួចមន្ត្រីគយបានកំណត់ឲ្យបង់ផាកពិន័យពីលើថែមទៀតផង ហើយការបង់លុយឲ្យមន្ត្រីគយនោះគឺមិនមានវិក័យបត្រទេដោយគ្រាន់ផ្តិតមេដៃទទួលកំហុសលើកំណត់ហេតុដែលគេត្រូវរក្សាទុកទំនិញបណ្តោះអាសន្នប៉ុណ្ណោះ?។
ប្រភពបន្តថាជារៀងរាល់ថ្ងៃមានរថយន្តតូច ធំ គ្រប់ប្រភេទកំពុងសម្រុកដឹកទំនិញទាំងស្របច្បាប់និងមិនស្របច្បាប់ ទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ពីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ចូលមកម្ពុជាបានយ៉ាងរលូន ដែលបានលួចផ្ទេរទំនិញនៅចំណុចដីសក្បែរប៉ុស្តិ៍៧ ព្រោះមានអ្នករត់ការ យកលុយបង់ឲ្យសមត្ថកិច្ចគ្រប់កន្លែងជាមុនសិន ជាពិសេសការិយាល័យគយនិងរដ្ឋាករ ប្រចាំការនៅច្រកទ្វារអន្តរជាតិបាវិត មុនគេហើយក៏ត្រូវបង់លុយឲ្យច្រើនជាងសមត្ថកិច្ចតាមដងផ្លូវនានាដែរ ខណ:ដែលឈ្មួញនិងអាជីវករតូចតាចកំពុងត្អូញត្អែពីការរកស៊ីខាតពេលបានកម្រៃបន្តិចបន្ទួចគ្រាន់តែបង់ឲ្យគយនិងសម្ថកិច្ចស្ទើរតែមិនបានរួចដើមផង ដោយសារលោកនង សុខុម ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តជាតិបាវិតនេះបានកំណត់តម្លៃខ្ពស់ពេកបើសំរាប់មេឈ្មួញធំៗគេអាចមានលទ្ធភាពបង់ ចំណែកឯអ្នករកស៊ីតូចតាចវិញបានមួយថ្ងៃសំរាប់មួយថ្ងៃប៉ុណ្ណោះកំពុងជួបការលំបាកខ្លាំងណាស់។
ប្រជាពលរដ្ឋរស់នៅក្រុងបាវិតបានឲ្យដឹងថាសកម្មភាព លោក នង សុខុម មេគយបាវិតដែលអាងស៊ីខ្សែសង្វាក់ជាមួយលោកខៀវ សារឿន មេគយខេត្តស្វាយរៀង បានខិតខំរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកបែបនេះ អាចធ្វើឲ្យបាត់បង់ថវិការជាតិជាច្រើនសន្ធឹកសន្ធាប់ ចំណែកប្រាក់ចំណូលចូលរដ្ឋវិញនោះ មិនកើនឡើងទេគឺមិនសមនឹងចំនួនទំនិញដែលដឹកក្នុងមួយថ្ងៃៗរាប់រយរថយន្តដែលមានចំនួនរាប់ពាន់តោននោះឡើយ រីឯប្រាក់ចំណូលបានហូរចូលតែបុគ្គលនិងបក្ខពួកខ្សែបណ្ដោយមន្ត្រីគយនៅច្រកបាវិតនេះប៉ុណ្ណោះ ហើយពួកគេមិនញញើតកោតខ្លាចចំពោះមុខច្បាប់បន្តិចសោះឡើយ ។
ដោយអាងខ្នងបង្អែកដ៏រឹងមាំពីលោកខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង នៅពីក្រោយក្នុងការបើកដៃឲ្យលោកនង សុខុម មេគយបាវិតដ៏មានឥទ្ធិពលរូបនេះបានប្រព្រឹត្តអំពើពុករលួយដោយជិះសេះលែងដៃព្រហើននឹងការព្រមានពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះថែមទៀតពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរបស់លោកនង សុខុម មេគយច្រកបាវិតដែលបានយកលុយដាក់ខែពីឈ្មួញនិងម្ចាស់រថយន្តដែលឆ្លងកាត់ច្រកបាវិតនេះ ដូចជារថយន្តកុងតឺន័រ និងរួមទាំងរថយន្តក្រុងខាងលើនេះដែរ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា លោកឱម យុិនទៀង ប្រធានអង្គភាពអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើបុគ្គល នង សុខុម ដែលកេងប្រវ័ញ្ចន៍ ថវិការជាតិធ្វើមានធ្វើបានតែបក្ខពួកខ្លួនមិនញញើតនឹងច្បាប់ដូចនេះឲ្យបានស៊ីជម្រៅនិងមានប្រសិទ្ធភាព ស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជម្រុញឲ្យមានការទប់ស្កាត់នឹងចាត់វិធានការបង្ក្រាបអំពើពុករលួយនៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ជាពិសេសគឺស្ថាប័នគយនេះមុនគេតែម្តង ។