ខេត្តកំពង់ឆ្នាំង៖ តាមប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាអតីតមេឃុំក្រាំងស្គារ លោក គង់ សំអ៊ីម បានបន្សល់នូវក្លិនស្អុយជាច្រើនដែលកំពុងសាយភាយមកជាបណ្តើរៗហើយពីការប្រព្រឹត្តធ្វើឯកសារទិញលក់ដីបោកប្រាស់ប្រជាពលរដ្ឋពីព្រោះដោយសារនៅក្នុងអណត្តិលោកគង់ សំអ៊ីម គ្រប់គ្រងគឺលោកបានសហការឃុបឃិតគ្នាជាមួយមេភូមិភ្នំតាសាំ លោក ខាត់ ឆាត និងស្មៀនឃុំ លោក យូ សុផល ដោយបានបង្កើតឯកសារទិញ-លក់ដីនៅភ្នំតាសាំ គឺឯកសារនោះបានបំពេញពត៌មានទាំងអស់រួមទាំងចំណារ ហត្ថលេខា និងឈ្មោះមេភូមិភ្នំតាសាំ ខាត់ ឆាត និងចំណារ ហត្ថលេខា ត្រា និងឈ្មោះមេឃុំក្រាំងស្គារ គង់ សំអ៊ីម អត់មានតែលេខ ។
រួចសមគំនិតជាមួយឈ្មួញខិលខូច ឈ្មោះ កែវ ញឹប និងឈ្មោះ ខឹម ស៊ីណា យកឯកសារនេះទៅបោកប្រាស់អ្នកដទៃជាថ្នូរនឹងប្រាប់រាប់ម៉ឺនដុល្លារអាមរិកក្រោមការចាត់ចែងរបស់ស្មៀនឃុំ យូ សុផល ។ ហើយឥឡូវនេះមានអ្នកចាញ់បោកអស់ប្រាក់ជាច្រើនម៉ឺនដុល្លារអាមរិកជាច្រើននាក់កំពុងតែដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពង់ឆ្នាំងជាបណ្តើរៗហើយ រីឯលោកអតីតមេឃុំ និងស្មៀនកំពុងរកវិធីដោះស្រាយបញ្ហាខាងលើដោយមានបំណងរៀបចំបង្កើតឯកសារទិញ-លក់ថ្មី និងចុះថ្ងៃខែឆ្នាំរំកិលពី១ទៅ២ឆ្នាំមុនទៅអោយនរណាម្នាក់ទៅវិញ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំក្រាំងស្គារបានអោយដឹងថាពួកគាត់មិនចូលចិត្តអតីតមេឃុំក្រាំងស្គារឈ្មោះ គង់ សំអ៊ីម នេះទេ ព្រោះអតីតមេឃុំនេះបើកដៃអោយស្មៀនឃុំប្រព្រឹត្តអំពើពុករលួយខ្លាំងពេកដូចជាទារប្រាក់និងកោសរូសប្រាក់ថ្លៃសេវាសាធារណយ៉ាងច្រើនរហូតដល់រាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដែលលើសពីតម្លៃកំណត់របស់រដ្ឋ ហើយពួកគាត់បានបន្ថែមថានេះសំណាងហើយដែលថ្នាក់លើដកបេក្ខជនគាត់ចេញពីមេឃុំកុំអីតែមួយសន្លឹកក៏មិនបានផង តែពួកគាត់ក៏កំពុងចាំតាមដានមើលពីទង្វើរនិងសកម្មភាពរបស់មេឃុំក្រាំងស្គារថ្មីគឺ កញ្ញា កែវ យ៉ាន យ៉ាងមេចដែរ ? ថាតើកញ្ញានឹងដើរតាមដានចាស់របស់អតីតមេឃុំដែលឬអត់ ?