ខេត្តឧត្តរមានជ័យៈ មកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យនៅឡើយទេ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយកគយនៅតែបណ្តោយឲ្យ លោក ខាន់ផល្លា ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ដោយសារតែអំពើពុករលួយរបស់លោក ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យនោះហើយ ទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកអូរស្មាច់ ច្រកជាំស្រងាំ ច្រកជប់គគីរ និងច្រក របៀងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ទំនិញគេចពន្ធជាច្រើនប្រភេទ រួមទាំងប្រេងសាំងគេចពន្ធត្រូវបានឈ្មួញយកមកចែកចាយក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ហើយមាននាំចូលមកដល់រាជធានីភ្នំពេញទៀតផងព្រោះមានការឃុបឃិតពីលើដល់ក្រោម។
សូមបញ្ជាក់ថា លោក ខាន់ ផល្លា មេគយចល័តនៅខេត្តឧត្តរមានជ័យ ល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយគឺជារឿងមិនអាចបិទបាំងបានទេបន្ទាប់ពីឈ្មួញនិងអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលដឹកទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកជាំស្រងាំ ច្រកជប់គគីរ និងច្រកអូរស្មាច់ នាំគ្នាបើកកកាយជាបន្តបន្ទាប់។
ការដែលលោក ខាន់ ផល្លា អាចធ្វើអ្វីៗតាមអំពើចិត្តក៏មានការបើកដៃពីសំណាក់ប្រធានសាខាគយខេត្តឧត្តរមានជ័យផងដែរដោយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យមើលឡើងវិញខ្លះផងព្រោះមួយរយៈពេលចុងក្រោយនេះលោក ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមអំពើចិត្ត។