ខេត្តស្វាយរៀង៖ ក្រុមមន្ត្រីប្រចាំនៅច្រកទ្វារអន្តរជាតិបាវិត (ព្រំដែនកម្ពុជា វៀតណាម) ក៏ដូចជាឈ្មួញរកស៊ីដឹកទំនិញ និងក្រុមហ៊ុនដឹកជញ្ជូននានាបង្ហើបថា លោក សីហា ជាក្មួយរបស់លោក ខាត់ សារ៉ាត់ ប្រធានច្រកទ្វារអន្តរជាតិបាវិត កំពុងអុកឡុកខ្លាំងតាមរយៈការប្រព្រឹត្តអំពើពុករលួយ ប្រមូលយកលុយពីក្រុមអ្នករកស៊ីដឹកទំនិញ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន(ឡានក្រុង) ។ គេខ្សឹបថា លោក សីហា ដែលជាកូនអភិបាលស្រុកស្វាយអន្ទរផងនោះ កំពុងអុកឡុកតាមរយៈឥទ្ធិពលឪពុកមា ដើរបង្គាប់ឲ្យរថយន្តដឹកទំនិញ ក៏ដូចជារថយន្តក្រុងទេសចរណ៍បង់លុយឲ្យខ្លួន បើមិនដូច្នោះទេ មិនអាចចេញដំណើរបានឡើយ ។
នៅក្នុងរថយន្តក្រុង ភ្ញៀវទេសចរណ៍ខ្មែរខ្លះ ក៏ដូចជាអ្នកជំងឺមួយចំនួនមិនចាំបាច់មានលិខិតឆ្លងដែននោះទេ ប៉ុន្តែត្រូវមានការសម្របសម្រួលពី លោក សីហា ជាប្រាក់២០ ឬ៣០ដុល្លារ ទើបអាចធ្វើដំណើរឆ្លងចូលទៅទឹកដីវៀតណាមបាន ។ ក្រៅពីនោះ ម្ចាស់រថយន្តក្រុងដឹកអ្នកដំណើរក៏ត្រូវបង់ប្រាក់ជូនលោក សីហា ផ្សេងទៀត ។ រថយន្តដឹកទំនិញធំៗ ដែលគេដឹងថា មានលួចបង្កប់ទំនិញគេចពន្ធ ត្រូវបង់ប្រាក់ជូនបង សីហា ពី១៥០០ដុល្លារទៅ៣០០០ដុល្លារ ។ លោក សីហា ដើរនិយាយថា ប្រាក់ទាំងនោះគឺសម្រាប់អភិវឌ្ឍន៍ច្រកព្រំដែនឲ្យសមរម្យ ។
គេរាយការណ៍ថា លោក សីហា ជា មន្ត្រីក្រៅក្របខ័ណ្ឌ ត្រូវបានលោក ខាត់ សារ៉ាត់ យកមកឲ្យប្រព្រឹត្តអំពើពុករលួយចៀសវាងការធ្វើអី្វៗ(ពុករលួយ) ដោយខ្លួនឯង ដែលអាចនឹងជាប់ពាក់ព័ន្ធចំពោះការស៊ើបអង្កេតណាមួយ ។ លោក ខាត់ សារ៉ាត់ ត្រូវគេរាយការណ៍ថា ក៏កំពុងត្រូវប៉ាន់យ៉ាងសម្បើម តាមរយៈការប្រើក្មួយឲ្យប្រព្រឹត្តអំពើមិនគប្បី ជាច្រើន រហូតដល់មានការបែកធ្លាយអំពើពុករលួយនេះតាមរយៈមន្ត្រីរបស់ខ្លួនឈ្លោះហែកហួរគ្នា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ។ ជម្លោះហែកហួរនោះនាំឲ្យលេចចេញជារឿងនៃអំណាចដ៏ធំសម្បើមរបស់លោក សីហា ដែលកំពុងប្រព្រឹត្តអំពើពុករលួយនៅច្រកព្រំដែននេះ ៕