ខេត្តមណ្ឌល, ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញឈេីឈ្នោះម៉ាប់នៅតែអាចដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបលេីឈ្មួញឈេីឈ្មោះម៉ាប់នោះឡើយ។
ប្រភពបានឲ្យដឹងទៀតថា មេប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វាដាក់ដាំ គឺលោក យូ សុធា គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ ព្រោះលោក យូ សុធា គឺជាអ្នកមានសិទ្ធិធំជាងគេក្នុងការបើកប៉ារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍ហេីយមានខ្នងបង្អែកដ៍រឹងមាំគឺអភិបាលខេត្តមណ្ឌលគិរីនិងលោកស្នងការខេត្ត។
ការដែលលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វាដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។
តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ មួយចំនួនបានរាយការណ៍ឲ្យដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងគគ្រឹកគគ្រេងហើយលោក យូ សុធា មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយផងដែរ។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំនេះដោយមានការឃុបឃិតបើកដៃពីសំណាក់លោក យូ សុធា នោះគឺលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ប៉ុន្តែលោក ឡោ សុខា មិនចាត់វិធានការទៅលើលោក យូ សុធា ដែលបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ។
ប្រការនេះហើយទើបមជ្ឈដ្ឋាននានាសង្ស័យថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺជាអ្នកឃុបឃិតឲ្យលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
មន្ត្រីនគរបាលមួយចំនួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ធ្លាប់ល្បីល្បាញខាងឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកហើយដោយគ្មានក្រសួងនិងស្ថាប័នពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពបានឲ្យដឹងទៀតថា តាំងពីជំនាន់លោក អ៊ុក សំណាង នៅធ្វើជាស្នងការនគរបាលខេត្តមណ្ឌលគិរី រហូតដល់សម័យលោក ឡោ សុខា មកកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោក យូ សុធា នៅតែមានអំណាចយ៉ាងធំធេងក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុកដដែល។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុង រថយន្តឡង់គ្រឺស័រកែច្នៃ និងរថយន្តប្រភេទផ្សេងៗទៀតប្រមាណជាច្រេីនគ្រឿងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ជារៀងរាល់យប់។
បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះករណីលោក ស្វាយ សំអ៊ាង និង លោក ឡោ សុខា ឃុបឃិតជាមួយលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនកំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងខ្លាពីប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕