ខេត្តព្រៃវែង៖ប្រធានគយចល័តផ្លូវជាតិលេខ១លោកផែន ភឿនត្រូវបានគេអះអាងថាត្រូវប៉ាន់និងកំណត់យកលុយដាក់ខែពីរថយន្តក្រុងដែល ដឹកទំនិញបង្កប់គេចពន្ធមិនគ្រប់ពី”ក្រុងហូជីម៉ិញ”ប្រទេសវៀតណាមចូលមកភ្នំពេញក្នុង១ខែសម្រាប់រថយន្ត១គ្រឿងតម្លៃ១៥០០ដុល្លារជាថ្នូរក្នុងការបើកភ្លើងខៀវ។ ជាក់ស្ដែងនោះគេមិនដែលឃើញកម្លាំងសមត្ថកិច្ចគយចល័តធ្វើការពីពិនិត្យនិងបង្ក្រាបផាកពិន័យយកថវិកាចូលរដ្ឋ។ជាមួយគ្នានោះសម្រាប់គយចល័តផ្លូវជាតិលេខ១ដែលមានលោក ផែន ភឿនជាប្រធាននិងមានទីតាំងស្នាក់ការនៅជាប់ផ្លូវជាតិលេខ១ត្រង់ចំណុចភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង។
បើយោងតាមប្រភពដែលបានទម្លាយចេញពីខាងក្នុងបានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថាគយចល័តផ្លូវជាតិលេខ១នោះសូម្បីតែអាជីវករ លក់ម៉ូតូអត់ពន្ធនៅផ្សារអ្នកលឿងក្នុងស្រុកពាមរក៍ក៏ត្រូវបង់លុយដាក់ខែឲ្យគយចល័តនោះដែរ។ ដោយក្នុងមួយខែៗបង់លុយចាប់ពី៤០០ដុល្លារទៅ៦០០ដុល្លារ សម្រាប់ហាងលក់ម៉ូតូអត់ពន្ធ១កន្លែងនោះ។
ឈ្មួញអ្នករកស៊ីដឹកទំនិញទាំងស្របច្បាប់និងគេចពន្ធតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង បានរអ៊ូរទាំ ស្ទើរគ្រប់គ្នា ដោយអះអាងនិងរិះគន់ថាមន្ត្រីគយនៅទីតាំងខាងលើបានគាបសង្កត់និងដាក់កុងត្រូលជជុះនៅតាមដងផ្លូវជាតិ និងប្រដេញចាប់រថយន្តដឹកទំនិញផ្លែឈើ រថយន្តឈ្នួលទំនើបៗ ឲ្យបង់លុយចូលហោប៉ៅផ្ទាល់ខ្លួននិងបក្ខពួកខ្សែបណ្ដោយ ដើម្បីរក្សាមុខតំណែង។
ប្រភពផ្សេងទៀតបានបង្ហើបថា ជារៀងរាល់ថ្ងៃ គយចល័តដែលដឹកនាំដោយលោក ផែន ភឿន បានប្រើកូនចៅចុះដើរ គាបស៊ីលុយពីអាជីវករ ដែលរកស៊ីដឹកទំនិញ បន្លែបន្តិចបន្តួច ឬគាបស៊ីលុយម៉ូតូអត់ពន្ធ ២ទៅ៣គ្រឿង ដែលនាំចូលតាមច្រកទ្វារផ្សេងៗនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង។ប្រជាពលរដ្ឋរិះគន់ថាហើយទង្វើបែបនេះបានបង្កការលំបាកដល់អ្នករកស៊ីថែមមួយកម្រិតទៀត ។សូម្បីតែលុយដែលកំណត់យកទៅនោះ មិនបានពិន័យចូលរដ្ឋឡើយ ព្រោះ អត់មានក្រដាសស្នាមឬចុងសន្លឹកអ្វីទាំងអស់។ទន្ទឹមនិងនោះ សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោងចេញពីវៀតណាមឲ្យតែឆ្លងកាត់ទីនោះ គឺត្រូវកំហិតបង់លុយឲ្យគយចល័តផ្លូវជាតិលេខ១ចំនួន១៥ម៉ឺនរៀលក្នុងមួយរ៉ឺម៉ក។ដោយឡែកសម្រាប់រ៉ឺម៉កម៉ូតូដឹកបន្លែគឺត្រូវបង់ចាប់ពី៣ទៅ៥ម៉ឺនរៀលក្នុងមួយជើង។
រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើចាប់ពី៨ទៅ១៥ម៉ឺនរៀល ក្នុងមួយរថយន្ត។ចំណែកឯរថយន្តដឹកទំនិញធំៗភ្លៅ៣ រថយន្តយីឌុប ភ្លៅ៥ដឹកទំនិញពីប្រទេសវៀតណាមឆ្លងកាត់ទីនោះ ត្រូវបង់លុយចាប់ពី១៥០០ដុល្លារ ទៅ៣០០០ដុល្លារក្នុងមួយខែ សម្រាប់រថយន្តធំ១គ្រឿង ខ្លះទៀត បង់គិតជាជើង និងកំណត់តាមការដឹកច្រើនឬតិច ។